គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 4:10-18 Khmer Standard Version (KHSV)

10. ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​របស់​ព្រះ‌យេស៊ូ​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង។

11. ព្រោះ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង ដែល​តែងតែ​ស្លាប់។

12. ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។

13. ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។

14. យើង​ដឹង​ថា ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះ‌អង្គ រួម​ជា​មួយ​បង‌ប្អូន​ថែម​ទៀត​ផង។

15. ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ជា​ប្រយោជន៍​ដល់​បង‌ប្អូន គឺ​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

16. ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ត​យើងកាន់​តែ​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ

17. ដ្បិត​ទុក្ខ​លំបាក​បន្តិច‌បន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លប់ ជា​សិរី‌រុងរឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។

18. ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 4