គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 3:5-16 Khmer Standard Version (KHSV)

5. យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។

6. ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ក្រឹត្យ‌វិន័យ*​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​ព្រះ‌វិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។

7. ក្រឹត្យ‌វិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី‌រុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរី‌រុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខ‌ងារ​បម្រើ​ក្រឹត្យ‌វិន័យ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ

8. ចុះ​ទំរាំ​បើ​មុខ‌ងារ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី‌រុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?

9. ប្រសិន​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុងរឿង​ប្រសើរ​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?

10. ប្រសិន​បើ​យើង​ប្រៀប‌ធៀប​សិរី‌រុងរឿង​ពី​សម័យ​ដើម និង​សិរី‌រុងរឿង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នា​បច្ចុប្បន្ន‌កាល​នេះ យើង​នឹង​ឃើញ​ថា សិរី‌រុងរឿង​ពី​ដើម​ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។

11. ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?

12. ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។

13. យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិត‌ស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។

14. ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។

15. មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់

16. ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 3