គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 2:5-14 Khmer Standard Version (KHSV)

5. ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បង‌ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។

6. បើ​បង‌ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។

7. សូម​បង‌ប្អូន​អត់‌ទោស​ឲ្យ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក រហូត​ដល់​ទៅ​អស់​សង្ឃឹម។

8. ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា បង‌ប្អូន​ស្រឡាញ់​គាត់។

9. ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បង‌ប្អូន​មើល ចង់​ដឹង​ថា តើ​បង‌ប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។

10. បើ​បង‌ប្អូន​លើក‌លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​លើក‌លែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់‌ទោស​ឲ្យ​នរណា​ម្នាក់) ខ្ញុំ​លើក‌លែង​ទោស​ឲ្យ​គេ ព្រោះ​តែ​បង‌ប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះ‌គ្រិស្ដ

11. ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។

12. ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ ទោះ​បី​ព្រះ‌អម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។

13. ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង‌ប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

14. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ជា‌និច្ច។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះ‌អង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 2