គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 12:7-20 Khmer Standard Version (KHSV)

7. ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។

8. ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។

9. ក៏​ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ព្រះ‌គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រិស្ដ​មក​សណ្ឋិត​លើ​ខ្ញុំ។

10. ហេតុ​នេះ ព្រោះ​តែ​ព្រះ‌គ្រិស្ដ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

11. ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង‌ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង‌ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។

12. មាន​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បង‌ប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។

13. បង‌ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុម‌ជំនុំ​ឯ​ទៀតៗ​នោះ​ឡើយ វៀរ‌លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ប៉ុណ្ណោះ សូម​បង‌ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។

14. ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង‌ប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង‌ប្អូន​ឡើយ គឺ​ចង់​បាន​បង‌ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន!

15. ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បង‌ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង‌ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

16. យើង​សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុត‌ត្បុត ប្រើ​កល‌ល្បិច​បោក​ប្រាស់​បង‌ប្អូន។

17. តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង‌ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង‌ប្អូន​នោះ​ទេ?

18. ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក​រក​បង‌ប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បង‌ប្អូន​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បង‌ប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?

19. តាំង​ពី​យូរ​មក​ហើយ បង‌ប្អូន​ប្រហែល​ជា​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង‌ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង‌ប្អូន​តែ​ប៉ុណ្ណោះ

20. ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង‌ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង‌ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង‌ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់‌ទែង​គ្នា ច្រណែន​គ្នា ខឹង‌សម្បារ ប្រណាំង​ប្រជែង និយាយ​ដើម​គ្នា បរិហារ​កេរ្តិ៍​គ្នា អួត‌បំប៉ាង ខ្វះ​សណ្ដាប់‌ធ្នាប់។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 12