គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 12:1-7 Khmer Standard Version (KHSV)

1. តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។

2. ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រិស្ដ* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

3. ខ្ញុំ​ក៏​ដឹង​ថា ព្រះ‌អម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរម‌សុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

4. គាត់​បាន​ឮ​ព្រះ‌បន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។

5. ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។

6. ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។

7. ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 12