គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 12:1-12 Khmer Standard Version (KHSV)

1. តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។

2. ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រិស្ដ* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

3. ខ្ញុំ​ក៏​ដឹង​ថា ព្រះ‌អម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរម‌សុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

4. គាត់​បាន​ឮ​ព្រះ‌បន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។

5. ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។

6. ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។

7. ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។

8. ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។

9. ក៏​ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ព្រះ‌គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រិស្ដ​មក​សណ្ឋិត​លើ​ខ្ញុំ។

10. ហេតុ​នេះ ព្រោះ​តែ​ព្រះ‌គ្រិស្ដ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

11. ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង‌ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង‌ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។

12. មាន​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បង‌ប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 12