គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 11:2-14 Khmer Standard Version (KHSV)

2. ព្រោះ​ខ្ញុំ​ប្រច័ណ្ឌបង‌ប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង‌ប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង‌ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី​យក​ទៅ​ថ្វាយ​ព្រះ‌គ្រិស្ដ*។

3. ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង‌ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ដ​យ៉ាង​នោះ​ដែរ

4. ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង‌ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ទទួល​នោះ បង‌ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។

5. ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ

6. ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បង‌ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។

7. ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បង‌ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?

8. ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុម‌ជំនុំ*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បង‌ប្អូន។

9. ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង‌ប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង‌ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។

10. ខ្ញុំ​សូម​បញ្ជាក់​ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះ‌គ្រិស្ដ​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​បាន​ឡើយ។

11. ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង‌ប្អូន​ឬ? ទេ! ព្រះ‌ជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង‌ប្អូន។

12. ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។

13. ជន​ប្រភេទ​នោះ​សុទ្ធ​តែ​ជា​សាវ័ក​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ*។

14. ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 11