គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 10:4-12 Khmer Standard Version (KHSV)

4. ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះគិត

5. និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ដ​វិញ។

6. នៅ​ពេល​ណា​បង‌ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

7. សុំ​បង‌ប្អូន​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ អ្នក​នោះ​តោង​គិត​ឲ្យ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ដូច​គាត់​ដែរ។

8. ព្រះ‌អម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង‌ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង‌ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។

9. ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ស្មាន​ថា ខ្ញុំ​មាន​បំណង​បំភ័យ​បង‌ប្អូន តាម​សំបុត្រ​ទាំង​នេះ​ឡើយ

10. ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។

11. អ្នក​ដែល​និយាយ​ដូច្នេះ ត្រូវ​គិត​ថា​ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។

12. យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់​សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 10