គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 1:11-21 Khmer Standard Version (KHSV)

11. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​អំពី​យើង​ដែរ។

12. សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។

13. យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បង‌ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង‌ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បង‌ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន

14. ដូច​បង‌ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ខ្ពស់​មុខ ហើយ​បង‌ប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។

15. ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង‌ប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បង‌ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។

16. បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បង‌ប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បង‌ប្អូន​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។

17. ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃដូច្នេះ?

18. មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បង‌ប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ

19. ដ្បិត​ព្រះ‌គ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បង‌ប្អូន​នោះ ព្រះ‌អង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះ‌អង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។

20. ព្រះ‌គ្រិស្ដ​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ដ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

21. គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បង‌ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះ‌គ្រិស្ដ ព្រម​ទាំង​បាន​ចាក់​ប្រេងលើ​យើង​ផង

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 1