គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 5:9-17 Khmer Standard Version (KHSV)

9. ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។

10. អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះ‌អង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។

11. រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។

12. អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

13. ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ នោះ​ទ្រង់​នឹង​ព្រះ‌សណ្ដាប់​យើង​ជា​មិន​ខាន។

15. បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះ‌អង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។

16. ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បង‌ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។

17. អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 5