គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 5:12-21 Khmer Standard Version (KHSV)

12. អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

13. ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ នោះ​ទ្រង់​នឹង​ព្រះ‌សណ្ដាប់​យើង​ជា​មិន​ខាន។

15. បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះ‌អង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។

16. ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បង‌ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។

17. អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។

18. យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះ‌បុត្រា​ដែល​កើត​ពី​ព្រះ‌ជា‌ម្ចាស់​មក ទ្រង់​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។

19. យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។

20. យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ទ្រង់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះ‌អង្គ​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។

21. កូន​ចៅ​អើយ ចូរ​ចៀស​ឲ្យ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 5