គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 5:1-12 Khmer Standard Version (KHSV)

1. អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។

2. ដោយ​យើង​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។

3. យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះ‌អង្គ​មិន​តឹង‌តែង​ទេ

4. ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។

5. តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់។

6. ព្រះ‌យេស៊ូ​គ្រិស្ដ​នេះ​ហើយ​ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះ‌វិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។

7. មាន​បន្ទាល់​បី​គឺ

8. ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ។

9. ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។

10. អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះ‌អង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។

11. រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។

12. អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 5