គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 3:17-24 Khmer Standard Version (KHSV)

17. ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!

18. កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិតវិញ។

19. ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ។

20. ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។

21. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

22. អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះ‌អង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

23. រីឯ​បទ​បញ្ជា*​របស់​ព្រះ‌អង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

24. អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 3