គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 2:5-17 Khmer Standard Version (KHSV)

5. រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ​ដោយ​សេចក្ដី​នេះ

6. គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។

7. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ‌បញ្ជា​ចាស់ ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ‌បញ្ជា*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។

8. យ៉ាង​ណា‌មិញ បទ‌បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ* និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។

9. អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។

10. អ្នក​ណា​ស្រឡាញ់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។

11. រីឯ​អ្នក​ណា​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។

12. ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ។

13. ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។

14. ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។

15. កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។

16. អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភ‌លន់​របស់​មនុស្ស ចិត្ត​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះ‌បិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។

17. លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភ‌លន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ នឹង​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​អស់‌កល្ប​ជា‌និច្ច។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 2