គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 4:6-14 Khmer Standard Version (KHSV)

6. ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​ព្រះ‌អង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជា‌ម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ។

7. អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។

8. ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។

9. ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។

10. បង‌ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង‌ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។

11. បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

12. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បង‌ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។

13. ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បង‌ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ*។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

14. ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រិស្ដ* នោះ​បង‌ប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុងរឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​លើ​បង‌ប្អូន។

សូមអានជំពូកពេញលេញ ១ ពេត្រុស 4