គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 4:1-12 Khmer Standard Version (KHSV)

1. ហេតុ​នេះ បើ​ព្រះ‌គ្រិស្ដ​បាន​រង‌ទុក្ខ​លំបាក កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស បង‌ប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ‌ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ

2. ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។

3. ពី​ដើម បង‌ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។

4. ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បង‌ប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បង‌ប្អូន។

5. អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់​ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។

6. ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​ព្រះ‌អង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជា‌ម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ។

7. អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។

8. ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។

9. ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។

10. បង‌ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង‌ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។

11. បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

12. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បង‌ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។

សូមអានជំពូកពេញលេញ ១ ពេត្រុស 4