គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 3:16-22 Khmer Standard Version (KHSV)

16. ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង‌ប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រិស្ដ* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។

17. សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។

18. សូម្បី​តែ​ព្រះ‌គ្រិស្ដ*​ក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ទ្រង់​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។

19. នៅ​ពេល​នោះ ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង

20. ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះ‌អង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។

21. នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក*​ដែល​សង្គ្រោះ​បង‌ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជា‌ម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

22. ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

សូមអានជំពូកពេញលេញ ១ ពេត្រុស 3