គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:8-18 Khmer Standard Version (KHSV)

8. ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ»។អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជា‌ម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល

9. រីឯ​បង‌ប្អូន​វិញបង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ។

10. ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ។

11. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។

12. ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង‌ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង‌ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​យាង​មក គេ​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។

13. សូម​គោរព​ចុះ​ចូល​អំណាច​នានា​នៅ​លើ​ផែន‌ដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ

14. ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ទ្រង់​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។

15. ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ

16. ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។

17. ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

18. បង‌ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។

សូមអានជំពូកពេញលេញ ១ ពេត្រុស 2