គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:3-16 Khmer Standard Version (KHSV)

3. បើ​បង‌ប្អូន​ពិត​ជា​បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ!

4. សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រិស្ដ ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជា‌ម្ចាស់​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។

5. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ*

6. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ»។

7. ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង‌ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត

8. ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ»។អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជា‌ម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល

9. រីឯ​បង‌ប្អូន​វិញបង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ។

10. ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ។

11. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។

12. ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង‌ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង‌ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​យាង​មក គេ​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។

13. សូម​គោរព​ចុះ​ចូល​អំណាច​នានា​នៅ​លើ​ផែន‌ដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ

14. ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ទ្រង់​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។

15. ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ

16. ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។

សូមអានជំពូកពេញលេញ ១ ពេត្រុស 2