គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:12-22 Khmer Standard Version (KHSV)

12. ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បង‌ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

13. ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ដ*​នឹង​សម្តែង​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។

14. ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នោះ​ឡើយ

15. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បង‌ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បង‌ប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ

16. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ»។

17. មួយ​វិញ​ទៀត ប្រសិន​បើ​បង‌ប្អូន​អង្វរ​រក​ព្រះ‌ជា‌ម្ចាស់​ក្នុង​ឋានៈ​ព្រះ‌អង្គ​ជា​ព្រះ‌បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ក្នុង​ពេល​ដែល​បង‌ប្អូន​ស្នាក់​នៅ​លើ​ផែន‌ដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។

18. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជា‌ម្ចាស់​បាន​លោះ​បង‌ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ

19. គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ដ* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។

20. ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ដ មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង‌ប្អូន។

21. តាម​រយៈ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។

22. បង‌ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង‌ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។

សូមអានជំពូកពេញលេញ ១ ពេត្រុស 1