គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 1:1-16 Khmer Standard Version (KHSV)

1. ខ្ញុំ ពេត្រុស ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ សូម​ជម្រាប​មក​បង‌ប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ហើយ​ដែល​បែក‌ខ្ញែក​គ្នា​ទៅ​រស់​ជា​អាណិក‌ជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា។

2. ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស​រើស​បង‌ប្អូន តាម​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ* ដើម្បី​ឲ្យ​បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ដ* និង​ឲ្យ​ព្រះ‌អង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​លើ​បង‌ប្អូន។ សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។

3. សូម​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រិស្ដ*​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ

4. ហើយ​យើង​នឹង​ទទួល​មត៌កដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បង‌ប្អូន​នៅ​ស្ថាន​បរម‌សុខ*

5. ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ថែ‌រក្សា​បង‌ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។

6. ហេតុ​នេះ​ហើយ​បាន​ជា​បង‌ប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បង‌ប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។

7. ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ​ជំនឿ​របស់​បង‌ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ដ​សម្តែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង‌ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុងរឿង និង​កិត្តិយស​ជា​មិន​ខាន។

8. បង‌ប្អូន​មិន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ទេ តែ​បង‌ប្អូន​ស្រឡាញ់​ព្រះ‌អង្គ ទោះ​បី​បង‌ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះ‌អង្គ​ក្ដី ក៏​បង‌ប្អូន​ជឿ​លើ​ព្រះ‌អង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន

9. ព្រោះ​បង‌ប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បង‌ប្អូន។

10. ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌គុណ ដែល​បម្រុង​សម្រាប់​បង‌ប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។

11. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ដ​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ដ និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះ‌អង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។

12. ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បង‌ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

13. ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ដ*​នឹង​សម្តែង​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។

14. ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នោះ​ឡើយ

15. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បង‌ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បង‌ប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ

16. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ»។

សូមអានជំពូកពេញលេញ ១ ពេត្រុស 1