គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:3-18 Khmer Standard Version (KHSV)

3. ត្រូវ​ជួយ​ស្ត្រី​មេ‌ម៉ាយណា​ដែល​គ្មាន​ទី​ពឹង។

4. ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

5. ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។

6. រីឯ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប‌ស្រាល ថ្វី‌ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។

7. អ្នក​ត្រូវ​ដាស់‌តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​នាង​មាន​កំហុស។

8. អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

9. ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។

10. គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏‌វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។

11. ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ដែល​នៅ​ក្មេង​វិញ កុំ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ដែល​នាង​ស្រើប‌ស្រាល​ចង់​បាន​ប្ដី​ទៀត​នោះ នាង​មុខ​ជា​ដាច់​ចេញ​ពី​ព្រះ‌គ្រិស្ដ​មិន​ខាន

12. ហើយ​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដោយ​ផ្ដាច់​ពាក្យ​ដែល​ខ្លួន​បាន​សន្យា​ពី​មុន។

13. មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។

14. ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ

15. ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។

16. ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ក្រុម‌ជំនុំ*​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុម‌ជំនុំ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។

17. ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ

18. ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ«កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល»។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5