គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:14-25 Khmer Standard Version (KHSV)

14. ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ

15. ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។

16. ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ក្រុម‌ជំនុំ*​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុម‌ជំនុំ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។

17. ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ

18. ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ«កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល»។

19. បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។

20. បើ​មាន​បង‌ប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បង‌ប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។

21. ខ្ញុំ​សុំ​អង្វរ​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រិស្ដ‌យេស៊ូ និង​នៅ​ចំពោះ​មុខ​ទេវតា* ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង‌ប្អូន​ណា​ឡើយ។

22. កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*។

23. កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​ឲ្យ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។

24. អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។

25. រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​បាន​ឡើយ។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5