គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 2:6-15 Khmer Standard Version (KHSV)

6. យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង‌ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។

7. ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ដ ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បង‌ប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បង‌ប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។

8. ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង‌ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បង‌ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​ណាស់!។

9. បង‌ប្អូន​អើយ បង‌ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។

10. យើង​បាន​រស់​នៅ​ជា​មួយ​បង‌ប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បង‌ប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។

11. បង‌ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ

12. គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បង‌ប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បង‌ប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

13. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ជឿ។

14. បង‌ប្អូន​អើយ បង‌ប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​នោះ​ដែរ ដ្បិត​បង‌ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង‌ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

15. អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!

សូមអានជំពូកពេញលេញ ១ ថេស្សា‌ឡូនិក 2