គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 2:11-20 Khmer Standard Version (KHSV)

11. បង‌ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ

12. គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បង‌ប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បង‌ប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

13. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ជឿ។

14. បង‌ប្អូន​អើយ បង‌ប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​នោះ​ដែរ ដ្បិត​បង‌ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង‌ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

15. អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!

16. ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។

17. បង‌ប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បង‌ប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បង‌ប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បង‌ប្អូន​ខ្លាំង​ណាស់។

18. ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បង‌ប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។

19. បង‌ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ក្រៅ​ពី​បង‌ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។

20. បង‌ប្អូន​ពិត​ជា​សិរី‌រុងរឿង និង​ជា​អំណរ​របស់​យើង​មែន។

សូមអានជំពូកពេញលេញ ១ ថេស្សា‌ឡូនិក 2