ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 2 Khmer Standard Version (KHSV)

បេសក‌កម្ម​របស់​លោក​ប៉ូល​នៅ​ក្រុង​ថេស្សា‌ឡូនិក

1. បង‌ប្អូន​អើយ បង‌ប្អូន​ផ្ទាល់​ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បង‌ប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ

2. គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង‌ប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

3. សេចក្ដី​ដែល​យើង​ទូន្មាន​មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។

4. មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង​យ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។

5. បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។

6. យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង‌ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។

7. ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ដ ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បង‌ប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បង‌ប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។

8. ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង‌ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បង‌ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​ណាស់!។

9. បង‌ប្អូន​អើយ បង‌ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។

10. យើង​បាន​រស់​នៅ​ជា​មួយ​បង‌ប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បង‌ប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។

11. បង‌ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ

12. គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បង‌ប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បង‌ប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

13. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ជឿ។

14. បង‌ប្អូន​អើយ បង‌ប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​នោះ​ដែរ ដ្បិត​បង‌ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង‌ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

15. អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!

16. ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។

លោក​ប៉ូល​ចង់​ជួប​គ្រិស្ដ‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក

17. បង‌ប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បង‌ប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បង‌ប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បង‌ប្អូន​ខ្លាំង​ណាស់។

18. ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បង‌ប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។

19. បង‌ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ក្រៅ​ពី​បង‌ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។

20. បង‌ប្អូន​ពិត​ជា​សិរី‌រុងរឿង និង​ជា​អំណរ​របស់​យើង​មែន។