ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 1 Khmer Standard Version (KHSV)

សេចក្ដី​ផ្ដើម

1. យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ។ សូម​ព្រះ‌អង្គ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

ជីវិត និង​ជំនឿ​របស់​គ្រិស្ដ‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក

2. យើង​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​ទាំង​អស់​គ្នា​ជា‌និច្ច ហើយ​នៅ​ពេល​យើង​អធិ‌ស្ឋាន យើង​តែង​នឹក​គិត​ដល់​បង‌ប្អូន​ជា​ដរាប។

3. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង‌ប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង‌ប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។

4. បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះ‌អង្គ​បាន​ជ្រើស​រើស​បង‌ប្អូន

5. ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បង‌ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធា‌នុភាព មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង‌ប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​សម្រាប់​ជា​ប្រយោជន៍​បង‌ប្អូន ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ។

6. បង‌ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បង‌ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង‌ប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរ​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែរ។

7. ហេតុ​នេះ បង‌ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ

8. ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​ចេញ​ពី​បង‌ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុស‌សាយ​ក្នុង​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌ជាម្ចាស់​បាន​ឮ​ខ្ចរ‌ខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។

9. មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង‌ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង‌ប្អូន និង​អំពី​របៀប​ដែល​បង‌ប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដើម្បី​គោរព​បម្រើ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ និង​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។

10. បង‌ប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​យាង​ពី​ស្ថាន​បរម‌សុខ*​មក គឺ​ព្រះ‌យេស៊ូ ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​នេះ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​ព្រះ‌ពិរោធ​ដែល​កំពុង​តែ​មក។