គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 9:2-13 Khmer Standard Version (KHSV)

2. ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បង‌ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បង‌ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អម្ចាស់ បង‌ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខ‌ងារ​ជា​សាវ័ក​មែន។

3. ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ:

4. តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ?

5. តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?

6. ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណា‌បាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត?

7. មិន​ដែល​មាន​នរណា​បម្រើ​កង‌ទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំង‌បាយជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។

8. ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ដូច​គ្នា​ដែរ

9. គឺ​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថា: «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មក​ពី​ព្រះ‌អង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សម្រាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។

11. យើង​បាន​សាប​ព្រោះ​ព្រះ‌បន្ទូល​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង‌ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង‌ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!

12. ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង‌ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ*។

13. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 9