គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 8:1-9 Khmer Standard Version (KHSV)

1. ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។

2. ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។

3. ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។

4. ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ​ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ។

5. ទោះ​បី​មាន​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែន‌ដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន)

6. ក៏​យើង​ជឿ​ថា មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌អង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ដ*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​ព្រះ‌អង្គ​ដែរ។

7. ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ក្លែង‌ក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅ‌ហ្មង។

8. តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។

9. ហេតុ​នេះ​សូម​បង‌ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង‌ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 8