គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 7:2-16 Khmer Standard Version (KHSV)

2. ប៉ុន្តែ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។

3. ប្ដី​ត្រូវ​បំពេញ​ករណីយ‌កិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ ចំពោះ​ប្ដី​វិញ​ដែរ។

4. ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។

5. មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បង‌ប្អូន មក​ពី​ទ្រាំ​មិន​បាន។

6. ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បង‌ប្អូន មិន​មែន​ចង់​បង្គាប់​បង‌ប្អូន​ទេ។

7. ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​មួយ​រៀងៗ​ខ្លួន​ពី​ព្រះ‌ជាម្ចាស់ ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។

8. ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេ‌ម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។

9. ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀប‌ការ​ចុះ ព្រោះ​បើ​រៀប‌ការ ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។

10. ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ‌ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បង្គាប់)។

11. ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។

12. ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បង‌ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។

13. រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ

14. ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង‌ប្អូន​មិន​បរិសុទ្ធ*​ទេ!។ ក៏​ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។

15. បើ​គូ‌ស្រករ​ដែល​មិន​ជឿ ចាក​ចោល​បង‌ប្អូន​ដែល​ជា​អ្នក​ជឿ ឲ្យ​គេ​ទៅ​ចុះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​រស់​ក្នុង​សេចក្ដី​សុខ‌សាន្ត។

16. បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បង‌ប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 7