គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 7:14-20 Khmer Standard Version (KHSV)

14. ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង‌ប្អូន​មិន​បរិសុទ្ធ*​ទេ!។ ក៏​ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។

15. បើ​គូ‌ស្រករ​ដែល​មិន​ជឿ ចាក​ចោល​បង‌ប្អូន​ដែល​ជា​អ្នក​ជឿ ឲ្យ​គេ​ទៅ​ចុះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​រស់​ក្នុង​សេចក្ដី​សុខ‌សាន្ត។

16. បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បង‌ប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?

17. ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ក្រុម‌ជំនុំ*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។

18. នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះ‌អង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។

19. ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​របស់​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។

20. នៅ​ពេល​ព្រះ‌អង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ ត​ទៅ​មុខ​ទៀត​ទៅ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 7