គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 6:14-20 Khmer Standard Version (KHSV)

14. ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែរ។

15. បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​ព្រះ‌គ្រិស្ដ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​ព្រះ‌គ្រិស្ដ ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ?

16. ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ»។

17. រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

18. ចូរ​គេច​ឲ្យ​ផុត​ពី​អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​ឲ្យ​រូប​កាយ​សៅ‌ហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​សៅ‌ហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។

19. បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង‌ប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ

20. ដ្បិត​ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង‌ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង‌ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 6