គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 5:1-9 Khmer Standard Version (KHSV)

1. មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង‌ប្អូន មាន​កើត​រឿង​កាម‌គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។

2. ប៉ុណ្ណឹង​ហើយ បង‌ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង‌ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង‌ប្អូន​ទៅ!។

3. ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ដែរ។

4. ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ

5. ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក។

6. បង‌ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

7. សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រិស្ដ​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង* រួច​ស្រេច​ទៅ​ហើយ។

8. ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

9. ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​មក​ជម្រាប​បង‌ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប ឲ្យ​សោះ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 5