គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 4:1-8 Khmer Standard Version (KHSV)

1. ហេតុ​នេះ សូម​បង‌ប្អូន​ចាត់​ទុក​យើង​ថា ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ដ* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង*​របស់​ព្រះ‌ជាម្ចាស់។

2. រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។

3. ចំពោះ​រូប​ខ្ញុំ ទោះ​បី​បង‌ប្អូន​ក្ដី ឬ​មនុស្ស​លោក​ក្ដី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ

4. ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។

5. ហេតុ​នេះ សូម​បង‌ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះ‌អង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

6. បង‌ប្អូន​អើយ ព្រោះ​តែ​បង‌ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង‌ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង‌ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។

7. តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះ‌អង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះ‌អង្គ​ទៅ​វិញ?

8. បង‌ប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បង‌ប្អូន​មាន​ស្ដុក‌ស្ដម្ភ​ហើយ! បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង‌ប្អូន​ផង។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 4