គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 3:1-10 Khmer Standard Version (KHSV)

1. បង‌ប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បង‌ប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បង‌ប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។

2. ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បង‌ប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង‌ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បង‌ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ

3. មក​ពី​បង‌ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង‌ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា បង‌ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង‌ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។

4. ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បង‌ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន!

5. តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បង‌ប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។

6. ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។

7. ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។

8. អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ

9. ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បង‌ប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះ‌អង្គ​បាន​សង់​ដែរ។

10. ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 3