គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 15:48-58 Khmer Standard Version (KHSV)

48. អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។

49. យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ​ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។

50. បង‌ប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​បាន​ដែរ។

51. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា

52. ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ

53. ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។

54. នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថា: «ជ័យ‌ជំនះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!

55. មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?»។

56. ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​ក្រឹត្យ‌វិន័យ*។

57. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ*។

58. ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​ចម្រើន​ឡើង​ជា‌និច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 15