គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 15:13-26 Khmer Standard Version (KHSV)

13. ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ដ​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ

14. ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង‌ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។

15. បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​ព្រះ‌ជាម្ចាស់​ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ដែរ

16. ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ដ​ក៏​មិន​រស់​ឡើង​វិញ​ដែរ

17. ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បង‌ប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បង‌ប្អូន​នៅ​តែ​ជាប់​បាប​ដដែល។

18. រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។

19. ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ដ សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!

20. ប៉ុន្តែ ព្រះ‌គ្រិស្ដ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។

21. បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។

22. មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​យ៉ាង​នោះ​ដែរ

23. ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រិស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះ‌គ្រិស្ដ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក​ដល់។

24. បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រិស្ដ​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ​អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។

25. ព្រះ‌គ្រិស្ដ​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។

26. សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 15