គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 14:5-14 Khmer Standard Version (KHSV)

5. ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​ថ្លែង​ព្រះ‌បន្ទូល។ អ្នក​ថ្លែង​ព្រះ‌បន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុម‌ជំនុំ​ទើប​សំខាន់។

6. បង‌ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង‌ប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង‌ប្អូន​ជាង។

7. ប្រសិន​បើ​ឧបករណ៍​តន្ត្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?

8. បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?

9. រីឯ​បង‌ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បង‌ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង‌ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!

10. ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។

11. ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។

12. រីឯ​បង‌ប្អូន​វិញ បើ​បង‌ប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំនុំ*។

13. ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។

14. ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 14