គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 14:23-37 Khmer Standard Version (KHSV)

23. ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង‌ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។

24. ផ្ទុយ​ទៅ​វិញ បើ​បង‌ប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។

25. ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ទាំង​ប្រកាស​ថា: «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​មែន!»។

26. បង‌ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំនុំ។

27. បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។

28. ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង‌ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។

29. រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។

30. បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះ‌ជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន

31. ដ្បិត​បង‌ប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះ‌បន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។

32. ព្រះ‌អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះ‌បន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះ‌បន្ទូល

33. ដ្បិត​ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុខ‌សាន្ត។

34. សូម​ឲ្យ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ស្រាប់។

35. ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុម‌ជំនុំ មិន​សមរម្យ​ទេ។

36. តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ចេញ​មក​ពី​ចំណោម​បង‌ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង‌ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះ‌បន្ទូល?

37. ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះ‌វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង‌ប្អូន​នេះ ក៏​ជា​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដែរ

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 14