គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 14:15-28 Khmer Standard Version (KHSV)

15. ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។

16. បើ​បង‌ប្អូន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​វិញ្ញាណ​របស់​បង‌ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បង‌ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង‌ប្អូន​និយាយ​អ្វី​ផង​នោះ!

17. បង‌ប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បង‌ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។

18. ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បង‌ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត

19. ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម‌ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។

20. បង‌ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»។

22. ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។

23. ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង‌ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។

24. ផ្ទុយ​ទៅ​វិញ បើ​បង‌ប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។

25. ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ទាំង​ប្រកាស​ថា: «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​មែន!»។

26. បង‌ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំនុំ។

27. បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។

28. ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង‌ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 14