គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 14:1-9 Khmer Standard Version (KHSV)

1. ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។

2. អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។

3. ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។

4. អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះ‌បន្ទូល​វិញ កសាង​ក្រុម‌ជំនុំ។

5. ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​ថ្លែង​ព្រះ‌បន្ទូល។ អ្នក​ថ្លែង​ព្រះ‌បន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុម‌ជំនុំ​ទើប​សំខាន់។

6. បង‌ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង‌ប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង‌ប្អូន​ជាង។

7. ប្រសិន​បើ​ឧបករណ៍​តន្ត្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?

8. បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?

9. រីឯ​បង‌ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បង‌ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង‌ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 14