ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 13 Khmer Standard Version (KHSV)

សេចក្ដី​ស្រឡាញ់

1. ទោះ​បី​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។

2. ទោះ​បី​ខ្ញុំ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង​ព្រះ‌បន្ទូល និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។

3. ទោះ​បី​ខ្ញុំ​យក​ទ្រព្យ‌សម្បត្តិ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្ដី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។

4. អ្នក​មាន​ចិត្ត​ស្រឡាញ់ តែងតែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។

5. អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ

6. មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។

7. អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។

8. សេចក្ដី​ស្រឡាញ់​មិន​សាប‌សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះ‌បន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹម‌សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម‌សារ​ទៅ​ដែរ។

9. សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះ‌បន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។

10. លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹម‌សារ។

11. កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។

12. សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះ‌អង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

13. ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។