គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 12:6-14 Khmer Standard Version (KHSV)

6. មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។

7. ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្តែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម

8. គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។

9. ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ

10. ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ

11. ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

12. ព្រះ‌គ្រិស្ដ*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។

13. យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។

14. រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 12