គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 11:22-27 Khmer Standard Version (KHSV)

22. តើ​បង‌ប្អូន​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង‌ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស? តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង‌ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង‌ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!

23. រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះ‌អង្គ​យក​នំប៉័ង​មក​កាន់

24. ទ្រង់​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។

25. លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។

26. រៀង​រាល់​ពេល​ដែល​បង‌ប្អូន​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នេះ បង‌ប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះ‌អង្គ​យាង​មក​វិញ។

27. ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 11