គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 11:14-22 Khmer Standard Version (KHSV)

14. សូម្បី​តែ​ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់

15. ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុងរឿង​របស់​ស្ត្រី។ តាម​ពិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

16. ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។

17. ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង‌ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ចម្រើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់‌ថយ​ទៅៗ

18. ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុម‌ជំនុំ* នោះ​បង‌ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។

19. ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង‌ប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។

20. ពេល​បង‌ប្អូន​ប្រជុំ​គ្នា បង‌ប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ

21. ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

22. តើ​បង‌ប្អូន​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង‌ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស? តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង‌ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង‌ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 11