គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 10:8-19 Khmer Standard Version (KHSV)

8. យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន ឲ្យ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។

9. យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។

10. សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

11. ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។

12. ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។

13. គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង‌ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បង‌ប្អូន​ហួស​ពី​កម្លាំង​បង‌ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង‌ប្អូន​ជួប​ការ​ល្បួង ព្រះ‌អង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បង‌ប្អូន​ចេញ​រួច និង​ឲ្យ​បង‌ប្អូន​អាច​ទ្រាំ‌ទ្រ​បាន។

14. ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។

15. ខ្ញុំ​និយាយ​ជា​មួយ​បង‌ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង‌ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។

16. ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ រីឯ​ពេល​ដែល​យើង​កាច់​នំប៉័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ដែរ។

17. មាន​នំប៉័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ។

18. សូម​រិះគិត​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែលមើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។

19. ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី​ដែរ?

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 10