គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 10:18-31 Khmer Standard Version (KHSV)

18. សូម​រិះគិត​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែលមើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។

19. ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី​ដែរ?

20. ទេ! គ្មាន​សារ‌សំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ​គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។

21. បង‌ប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​បាន​ទេ។ បង‌ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​បាន​ដែរ។

22. ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?

23. យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​បាន​ឡើយ។

24. កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។

25. បង‌ប្អូន​អាច​បរិភោគ​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​បាន​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​របស់​ខ្លួន​នោះ​ឡើយ

26. ដ្បិត «ផែន‌ដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់»។

27. ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង‌ប្អូន​ទៅ​ពិសា​បាយ ហើយ​បង‌ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង‌ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។

28. ប៉ុន្តែ បើ​គេ​ប្រាប់​បង‌ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។

29. ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បង‌ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សម្រប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ?

30. ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​រួច​ហើយ​នោះ​ទៅ​វិញ?

31. ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 10