ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 10 Khmer Standard Version (KHSV)

ត្រូវ​ប្រយ័ត្ន​នឹង​ព្រះ‌ក្លែង‌ក្លាយ

1. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។

2. ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។

3. បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ

4. និង​បាន​ពិសា​ទឹក​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ជា​ថ្ម‌ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ គឺ​ព្រះ‌គ្រិស្ដ។

5. ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។

6. ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់ ដូច​បុព្វបុរស​ឡើយ។

7. សូម​កុំ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ដូច​បុព្វបុរស​ខ្លះ​ឲ្យ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជា‌ជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ»។

8. យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន ឲ្យ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។

9. យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។

10. សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

11. ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។

12. ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។

13. គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង‌ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បង‌ប្អូន​ហួស​ពី​កម្លាំង​បង‌ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង‌ប្អូន​ជួប​ការ​ល្បួង ព្រះ‌អង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បង‌ប្អូន​ចេញ​រួច និង​ឲ្យ​បង‌ប្អូន​អាច​ទ្រាំ‌ទ្រ​បាន។

14. ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។

15. ខ្ញុំ​និយាយ​ជា​មួយ​បង‌ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង‌ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។

16. ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ រីឯ​ពេល​ដែល​យើង​កាច់​នំប៉័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ដែរ។

17. មាន​នំប៉័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ។

18. សូម​រិះគិត​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែលមើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។

19. ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី​ដែរ?

20. ទេ! គ្មាន​សារ‌សំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ​គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។

21. បង‌ប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​បាន​ទេ។ បង‌ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​បាន​ដែរ។

22. ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?

អំពី​ការ​ដែល​ត្រូវ​ប្រព្រឹត្ត​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់

23. យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​បាន​ឡើយ។

24. កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។

25. បង‌ប្អូន​អាច​បរិភោគ​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​បាន​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​របស់​ខ្លួន​នោះ​ឡើយ

26. ដ្បិត «ផែន‌ដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់»។

27. ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង‌ប្អូន​ទៅ​ពិសា​បាយ ហើយ​បង‌ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង‌ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។

28. ប៉ុន្តែ បើ​គេ​ប្រាប់​បង‌ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។

29. ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បង‌ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សម្រប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ?

30. ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​រួច​ហើយ​នោះ​ទៅ​វិញ?

31. ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។

32. សូម​បង‌ប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា​សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​ជំពប់​ចិត្ត​ឡើយ។

33. រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។