គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 1:1-14 Khmer Standard Version (KHSV)

1. ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ*‌យេស៊ូ ខ្ញុំ និង​លោក​សូស្ដែន

2. សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ រួម​ជា​មួយ​បង‌ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​បង‌ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។

3. សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ*​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!។

4. ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​បាន​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

5. ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះ‌អង្គ។

6. សក្ខីភាព​របស់​ព្រះ‌គ្រិស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង‌ប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។

7. ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។

8. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។

9. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង។

10. បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ដ*​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។

11. បង‌ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង‌ប្អូន

12. គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ!»។

13. តើ​ព្រះ‌គ្រិស្ដ​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បង‌ប្អូន? ឬ​មួយ​ក៏​បង‌ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល?

14. ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស‌ប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 1