គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 6:1-14 Khmer Standard Version (KHSV)

1. កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។

2. «ចូរ​គោរព​មាតា‌បិតា(នេះ​ជា​បទ‌បញ្ជា​ទី​មួយ​ដែល​មាន​ទាំង​ព្រះ‌បន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង)

3. ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែន‌ដី​នេះ»។

4. រីឯ​បង‌ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។

5. បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ ដូច​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ដ​ដែរ

6. មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង‌ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រិស្ដ ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។

7. ត្រូវ​បម្រើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បម្រើ​ព្រះ‌អម្ចាស់ ពុំ​មែន​បម្រើ​មនុស្ស​ទេ

8. ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

9. រីឯ​បង‌ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​បង‌ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង‌ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។

10. មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។

11. ចូរ​បង‌ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ*

12. ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្សទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។

13. ហេតុ​នេះ ចូរ​បង‌ប្អូន​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។

14. ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ

សូមអានជំពូកពេញលេញ អេភេសូ 6